ត្រឹមជាង១ម៉ោង! ភ្លៀងមួយមេធំបោកបក់បាក់រលំខ្ទេច ឆក់យកជីវិតមនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់
ខេត្តសៀមរាប ៖ ភ្លៀង១យ៉ាងមេធំក្នុងរយៈពេលប្រហែលជាង១ម៉ោង ដែលមានខ្យល់កន្ត្រាក់ ផ្គររន្ទះ បោ.កបក់មកលើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម (ស្វាគមន៍សៀមរាប) ធ្វើឱ្យរលំបាក់ទាំងស្រុង បណ្តាលឱ្យសង្កត់មនុស្សស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈកំពុងជិះម៉ូតូពេលមេឃកំពុងភ្លៀង និងនៅលើស្ពានថ្មព្រះរាជដំណាក់ ព្រមទាំងនៅរមណីយដ្ឋានអង្គរវត្តដែល ខាងរដ្ឋបាលខេត្តសៀមរាប, អាជ្ញាធរជាតិអប្សរា បានតុបតែងលម្អរដោយមានភ្លើងចម្រុះពណ៌ សម្រាប់ត្រៀមថ្ងៃអង្គរសង្គ្រាន និងថ្ងៃបុណ្យចូលឆ្នាំប្រពៃខ្មែរខាងមុខនេះ។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោង១៧និង២៥នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងក្រុងខេត្តសៀមរាប ។
តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ផ្ទាល់បានលើកឡើងថា
ខណៈពេលមេឃកំពុងភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់
មានបុរសរងគ្រោះទាំង២នាក់ជិះម៉ូតូមកពីទិសខាងលិច
(ពីផ្សារលើធំថ្មី) ក្នុងគោលបំណងទៅផ្ទះ។ ហើយក្នុងហេតុការណ៍នេះ
ជនរងគ្រោះដែលស្លា.ប់រស់នៅផ្លូវបបរសក្រោយរីសូណា
លុះមកដល់ចំណុចកើតហេតុក៏ត្រូវរបាប៉ាណូនោះ បាក់រលំដួលសង្កត់ពីលើ
បណ្ដាលឱ្យបុរសរងគ្រោះបែកក្បាលស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្តង
ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះខាងលើឈ្មោះ ផេង
ចន្ទូ ភេទប្រុស អាយុ៤៤ឆ្នាំ ជាអាជីវករលក់មាសនៅផ្សារលើធំថ្មី
បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
ខេត្តសៀមរាប (ជនរងគ្រោះជិះម៉ូតូម៉ាកហ្គពី ពណ៌ស
ទិសដៅពីលិចទៅកើត)។ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជា សំណាង
ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ
ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរងរបួសធ្ងន់ ជិះម៉ូតូម៉ាកហុងដា
ពណ៌ខ្មៅ ទិសដៅពីលិចទៅកើត
ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រីឯសម្ភារៈខូចខាតមានម៉ូតូចំនួនពីរគ្រឿង។
បើតាមពលរដ្ឋខ្លះនាំគ្នារអ៊ូថា មកពីបង្គោលប៉ាណូកាត់ទទឹងផ្លូវនេះ ដែកមានកម្រាស់ស្តើង ងាយពុកផុយ ព្រោះមានអាយុកាលច្រើនឆ្នាំមកហើយ បានជាដួលរលំបង្កគ្រោះថ្នាក់បែបនេះ។
ក្រោយពេលកើតហេតុភ្លាមៗនោះ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងឧបទ្ទវហេតុផ្សេងៗបានរួចរាល់អស់ហើយ នៅវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ បន្ទាប់មកសមត្ថកិច្ចបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកដូចធម្មតាឡើងវិញ។
សមត្ថកិច្ចបានប្រាប់ដឹងថា ករណីប៉ាណូកាត់ទទឹងថ្នល់បាក់ នៅចំណុចស្តុបស្មាញលីង ផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាបនេះ មូលហេតុដោយសារខ្យល់កន្ត្រាក់ មានភ្លៀងមួយមេធំលាយឡំ ផ្គររន្ទះ បណ្តាលឱ្យមនុស្សស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយហេតុការណ៍ក៏បង្កឱ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះធំ។
សមត្ថកិច្ចបន្តថា គ្រោះធម្មជាតិខាងលើនេះ ក៏មានបាក់នៅលើស្ពានថ្មព្រះរាជដំណាក់ ដែលខាងរដ្ឋបាលខេត្តសៀមរាប បានតុបតែងលម្អភ្លើងចម្រុះពណ៌មួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីរៀបចំត្រៀមចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។
ក្នុងករណីខាងលើនេះផងដែរ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា សូមសម្ដែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ និងសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានសហការដ៏ល្អ ចូលរួមជួយចុះរុះរើផ្ទាំងប៉ាណូ និងភ្លើងបំភ្លឺលម្អរ សម្រាប់តុបតែងថ្ងៃអង្គរសង្ក្រាន្ត និងបុណ្យចូលឆ្នាំខ្មែរនេះរួចរាល់ ហើយដឹកយកទៅរក្សាទុកនៅក្នុងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា។
គួរបញ្ជាក់ថា នៅយប់កើតហេតុនេះដែរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា «ខ្ញុំសូមចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋចំពោះការខូចខាត និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារស.ពបងប្រុស ផេង ចន្ធូ អាយុ៤៤ឆ្នាំ ដែលបានទទួលមរណភាពក្នុងគ្រោះឧបទ្ទវហេតុ ភ្លៀងលាយខ្យល់កន្ត្រាក់ ក្នុងក្រុងសៀមរាបផងដែរ»៕
Post a Comment