ឯកឧត្តម ស សុខា ៖ យើងចងចាំជានិច្ចនូវគុណបំណាច់របស់អតីតយុទ្ធជន និវត្តជនក្នុងស្រុកព្រះស្តេច និងនៅទូទាំងប្រទេស


ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា ៖ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំទុកជានិច្ចនូវគុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ជំនាន់ក្នុងស្រុកព្រះស្តេច ក៏ដូចជានៅទូទាំងប្រទេស ជាពិសេសអ្នកដែលបានចូលរួមធ្វើពលិកម្ម និងលះបង់សាច់ស្រស់ឈាម រំដោះប្រទេសជាតិចេញពីរបបអាវខ្មៅប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។

ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ១៨០នាក់ ក្នុងស្រុកព្រះស្តេច នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាលះបង់ដើរតាមគន្លងគំរូវីរភាពដ៏ថ្លៃថ្លារបស់បុព្វបុរស និងអ្នកជំនាន់មុនទាំងនោះ ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងប្រជាជន មិនឲ្យក្រុមអមិត្តណាមកឈ្លានពាន យារយីបានជាដាច់ខាត។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយជោគជ័យ ដូចជា ៖ ការកែទម្រង់ការបើកប្រាក់បៀវត្ស ប្រាក់សោធននិវត្តន៍តាមប្រព័ន្ធធនាគារ ដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបានបង្កើនប្រាក់សោធននិវត្តន៍ដល់អតីតយុទ្ធជន មន្ត្រីរាជការដែលបានចូលនិវត្តន៍មុនៗ ដែលមានកម្រិតប្រាក់សោធននិវត្តន៍ទាប។ ជាក់ស្តែងប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រាក់សោធននិវត្តន៍សម្រាប់និវត្តជន និងអតីតយុទ្ធជន ត្រូវបានបើកជាទៀងទាត់ ២លើកក្នុង ១ខែ ទៅតាមប្រព័ន្ធធនាគារ ដើម្បីផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងសុវត្ថិភាព ជាពិសេសសម្រួលដល់ដំណើរការទូទាត់បានរហ័សទាន់ចិត្តដោយមិនចាំបាច់មានសាច់ប្រាក់ក្នុងដៃនោះឡើយ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សែត លីណា







































Theme images by Radius Images. Powered by Blogger.