ឯកឧត្តម ស សុខា ៖ យើងចាត់ទុកការសង្គ្រោះជីវិតពលរដ្ឋពីជំងឺកូវីដ-១៩ ជាសមិទ្ធផលប្រវត្តិសាស្ត្រទី២ របស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា
ព្រៃវែង ៖ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា យើងចាត់ទុកការសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ គឺជាស្នាដៃ និងជាសមិទ្ធផលប្រវត្តិសាស្ត្រទី២ របស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីជួយសង្គ្រោះជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២ ៤៥០នាក់ ក្នុងស្រុកពាមរក៍ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងពេលដែលមានការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការនានា ដើម្បីគ្រប់គ្រងឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការការពារសុខភាព និងសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយផលប៉ះពាល់នានាបណ្តាលមកពីជំងឺឆ្លងរាតត្បាតនេះ ធ្វើឱ្យប្រទេសកម្ពុជា បានទប់លំនឹងសេដ្ឋកិច្ចសង្គម មិនឲ្យដួលរលំ និងឈានទៅបើកដំណើរការសេដ្ឋកិច្ចសង្គម ធានាបាននូវប្រក្រតីភាពជីវភាពសង្គមលើគ្រប់វិស័យ ដែលជាកត្តាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។
ឯកឧត្តម ស សុខា ថ្លែងបន្តថា ក្នុងអំឡុងពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានខិតខំដឹកនាំគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពដែលធ្វើឱ្យប្រទេសយើង មានថវិកាគ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្សជូនយោធិន នគរបាល មន្ត្រីរាជការ ប្រាក់សោធននិវត្តន៍របស់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងធានារ៉ាប់រងបាននូវការចំណាយប្រតិបត្តិការរបស់អង្គភាពកម្លាំងប្រដាប់អាវុធ និងស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ទូទាំងប្រទេស។
ឯកឧត្តម ស សុខា ថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ថវិកាមួយផ្នែកនៃថវិកាដែលសន្សំទុកកន្លងមក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់នានាដូចជា ៖ ការទិញវ៉ាក់សាំង មកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ការចំណាយព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព
រដ្ឋទូទាំងប្រទេស រ៉ាប់រងចំណាយថ្លៃម្ហូបអាហារ ថ្នាំសង្កូវ សម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋ ដែលស្នាក់នៅតាមមណ្ឌលចត្តាឡីស័កនានាទូទាំងប្រទេស ឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាពនៅតាមតំបន់បិទខ្ទប់នានាក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩ ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ប្រមាណជិត ៧០ម៉ឺនគ្រួសារ ដែលមានសមាជិកប្រមាណ ៣លាននាក់ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ អនុវត្តវិធានការអន្តរាគមន៍ជួយដល់រោងចក្រ សហគ្រាស អាជីវកម្មនានា មិនឱ្យដួលរលំ រួមទាំងការផ្តល់ថវិកាឧបត្ថម្ភ ចំនួន ៤០ដុល្លារក្នុងមួយខែ ដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងតាមរោងចក្រ សហគ្រាស ដែលបានផ្អាកសកម្មភាពក្នុងអំឡុងពេលផ្ទុះឡើង នៃជំងឺកូវីដ-១៩ ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រដែលទទួលរងសម្ពាធពីអតិផរណា ជួយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាក្រីក្ររងគ្រោះដោយគ្រោះជំនន់ទឹកភ្លៀង នៅរដូវវស្សាកន្លងមក រួមទាំងការបែងចែកស្រូវពូជ ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនេះថែមទៀត។ ជាមួយគ្នានេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ៖ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ និងសំណង់សាធារណៈនានា ក៏បាន និងកំពុងអនុវត្តតាមគម្រោងផែនការដែលបានកំណត់ មិនអោយមានការរាំងស្ទះ ដែលធ្វើឱ្យប្រទេសជាតិយើង បន្តអភិវឌ្ឍរីកចម្រើនកាន់តែរឹងមាំលើគ្រប់វិស័យផងដែរ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សែត លីណា
Post a Comment