ឯកឧត្តមបណ្ឌិត ស សុខា អញ្ជើញបិទការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ បានបញ្ចប់ដោយជោគជ័យ ពិសេសបានឃើញក្មួយៗជាកុមារា កុមារី និងកីឡាករ កីឡាការិនីថ្នាលរបស់យើង ឆ្លងកាត់នូវការប្រកួតជាលក្ខណៈបច្ចេកទេស ស្តង់ដារ ដែលការប្រកួតនេះ ទី១. ឲ្យក្មួយៗបានវាស់ស្ទង់នូវសិទ្ធផលជាក់លាក់ និងពិតប្រាកដ ដែលវិនិច្ឆ័យដោយមន្ត្រីបច្ចេកទេសរបស់យើង និងទី២. ក្មួយៗបានឆ្លងកាត់ការប្រកួតមួយដែលមានបទបញ្ជាច្បាស់លាស់ សម្រាប់ការប្រកួតជាលក្ខណៈជាតិ និងអន្តជាតិ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា សកម្មភាពអប់រំកាយ និងកីឡា ត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានលើកកម្ពស់ទូទាំងសកលលោក ព្រោះវិស័យនេះ បានផ្តល់ឱ្យនូវបំណិនជីវិត ជាពិសេសបានផ្តល់ឲ្យមនុស្សជាតិ មានសុខភាពល្អក្នុងការកសាងប្រទេសជាតិ ដែលអាចនិយាយបានថា ( ខួរក្បាល ឬបញ្ញាញាណល្អវាស្ថិតនៅលើមនុស្ស ដែលមានសុខភាពល្អ និងកាយសម្បទាមាំមួនតែប៉ុណ្ណោះ)។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ថ្លែងបន្តទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សានេះ ផ្តល់ឱកាសអោយយុវជនបានកសាងសមត្ថភាព ដែលអាចឈានទៅជាវិជ្ជាជីវៈ សម្រាប់ខ្លួនផ្ទាល់ និងជាពិសេសឱ្យយុវជន ប្រជាពលរដ្ឋទូទៅ ងាកផុតពីអំពើអបាយមុខ ក៏ដូចជាអំពើអវិជ្ជមាននានា ដែលជាគ្រោះមហន្តរាយដល់សហគមន៍ និងប្រជាជាតិទាំងមូល។
ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំកាយ និងកីឡា និងបន្តទទួលនូវការប្រកួតកម្រិតអន្តរជាតិនានា ដែលជាក្តីសង្ឃឹមសម្រាប់ប្អូនៗ ក្មួយៗទាំងអស់គ្នា ទទួលបាននូវឱកាសជាកីឡាករ កីឡាការិនីតំណាងអោយជាតិ មានឱកាសកសាងកិត្តិយសជូនជាតិ នាពេលអនាគត៕







































Theme images by Radius Images. Powered by Blogger.