ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឲ្យមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត យកចិត្តទុកដាក់លើបញ្ហាជាអត្ថិភាព ចំនួន ៤ធំៗ
បន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវយកចិត្តទុកដាក់លើបញ្ហាជាអត្ថិភាព ចំនួន ៤ធំៗ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះ កំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិ បានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។
ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ កំពុងទទួលលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្រ្តីផ្តល់សេវាកម្ម ត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាញ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ចិត្តប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ។
ថ្លែងចំពោះមុខមន្រ្តីនាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងនូវបញ្ហាជាអត្ថិភាព ចំនួន ៤ធំៗ ដែលត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានវឌ្ឍនភាពកាន់តែល្អប្រសើរ ពោលគឺបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន ពិសេសក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះ។ មួយទៀតត្រូវបង្កើនប្រសិទ្ធភាពផ្តល់សេវាច្រកចេញចូលតែមួយ ដែលគួរសិក្សាបង្កើតអគារ ឬបន្ទប់ផ្តល់សេវាច្រកចេញចូលតែមួយ ងាយស្រួលសម្រាប់មហាជនទូទៅទទួលសេវាកម្ម។ ក្នុងនោះផងដែរ ត្រូវគ្រប់គ្រងគន្លងផ្លូវចេញចូលសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ និងច្រកសម្រាប់ចេញចូលទំនិញឱ្យមានលំហូរជាក់លាក់។ ចំណែកបញ្ហាសំខាន់មួយទៀតនោះ គឺការផ្តល់ឯកសារធ្វើយ៉ាងឱ្យប្រាដកថាមានភាពងាយស្រួលជាងពេលកន្លងទៅ ពោលគឺកាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ។
យ៉ាងណាឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធកន្លងទៅ បច្ចុប្បន្ន និងការបង្កើនប្រសិទ្ធភាពការងារនាពេលអនាគតបន្តទៅមុខទៀត។ ជាមួយគ្នានេះដែរវឌ្ឍនភាពនៃអគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បូករួមជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបពិនិត្យលិខិតឆ្លងដែន(ស្កេន QR code)នៅច្រកចេញចូលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជាក់ថា ការងារផ្តល់សេវាមួយនេះនឹងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលាដល់ភ្ញៀវចេញចូលប្រទេសកម្ពុជា។
ថ្លែងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់មន្រ្តីមានសមត្ថកិច្ចទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពិសេសការពង្រឹងការគ្រប់គ្រងការចេញចូលរបស់អ្នកដំណើរដោយត្រូវប្រាដកថាមានភាពត្រឹមត្រូវតាមបទដ្ឋាននានា។ មួយទៀតផងដែរមន្រ្តីទាំងអស់ត្រូវត្រៀមសម្ភារៈ និងមធ្យោបាយផ្សេងៗដើម្បីអន្តរាគមន៍ជួយសម្រួលដល់ភ្ញៀវទាន់ពេលវេលា ករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។៕
អ្វីដែលជាការរំពឹងទុកមួយទៀតនោះ ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះនឹងក្លាយជាទីតាំងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព សោភណ្ឌភាព អនាម័យ សន្តិសុខល្អប្រសើរ ដែលនាំមកនូវកិត្យានុភាពជាតិ ប្រការនេះទាមទារឱ្យមន្រ្តីទាំងអស់ចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់៕
Post a Comment